ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ខ្មែរ​ពី​ដើម​សតវត្ស​ទី​៤​ដល់​ទី​៦ (ភាគ​៤)

 ព្រះពុទ្ធ​សាសនា​នៅ​ប្រទេស​កម្ពុជា នៅ​អំឡុង​សតវត្ស​ទី​៦ ពេល​ដែល​ប្រទេស​កម្ពុជា បាន​ទទួល​ឥទ្ធិពល​ជា​លើក​ទី​ពីរ​ពី​ឥណ្ឌា មាន​ការ​រីក​ចម្រើន​រុងរឿង​ណាស់ រហូត​ដល់​មាន​ការ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​អោយ​ទៅ​ជួយ​វិស័យ​នេះ​នៅ​ប្រទេស​ចិន ទៀត​ផង។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ពី​ដើម​សតវត្ស​ទី​៤ ដល់​ទី​៦។


ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង​ក្នុង​អំឡុង​ខាង​ដើម​សតវត្ស​ទី​៤ មិន​សូវ​មាន​ឯកសារ​អ្វី​កត់ត្រា​ទុក​ទេ ទោះ​ជា​សិលា​ចារិក ឬ​ឯកសារ​ចិន ក៏ដោយ។ រហូត​ដល់​ឆ្នាំ​៣៥៧ អាណាចក្រ​ភ្នំ​ត្រូវ​គ្រប់គ្រង​ដោយ​ព្រះរាជា​មួយ​ព្រះអង្គ ព្រះនាម ឆានតាន ដែល​ចិន អោយ​ឈ្មោះ​ថា ធៀនឈូឆានតាន ប្រែ​ថា​ឥណ្ឌា ឈ្មោះ ឆានតាន។ ឆានតាន នេះ​ជា​ឋានន្តរនាម​របស់​ពួក​ឥណ្ឌូ-សីថ ជាពិសេស គឺ​របស់​រាជវង្ស​កុសាណៈ ដែល​ប្រហែល​ជា​ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ឥណ្ឌា ផ្នែក​ខាង​ត្បូង ដែល​ខ្លួន​បាន​ធ្លាប់​កាន់​កាប់​មួយ​រយៈពេល ដែល​ព្រះរាជា​ឥណ្ឌា មួយ​ព្រះអង្គ ព្រះនាម ព្រះបាទ​សមុទ្រគុប្តៈ ទ្រង់​វាយ​លុក​រំដោះ​យក​តំបន់​នោះ​នៅ​ឆ្នាំ​៣៣៥-៣៧៥។

ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះបាទ ឆានតាន បាន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ហើយ​ព្រះអង្គ​បាន​លើក​សួយ​ជា​ដំរី​ផ្សាំង ទៅ​ថ្វាយ​អធិរាជ​ចិន ថែម​ទៀត​ផង។ ឯកសារ​ចិន ក៏​បាន​កត់ត្រា​ទុក​ផង​ដែរ​ថា ក្នុង​ចំណោម​ស្ដេច​ដែល​សោយរាជ្យ​តៗ​មក​ពី​ព្រះបាទ ឆានតាន មាន​ស្ដេច​មួយ​ព្រះអង្គ​ព្រះនាម កៅណ្ឌិន្យ ជា​ព្រាហ្មណ៍​ជាតិ​ឥណ្ឌា ដែល​ពេល​មួយ​នោះ​មាន​សំឡេង​អាថ៌កំបាំង​មួយ​បាន​បញ្ជា​អោយ​ព្រាហ្មណ៍​នេះ​ទៅ​សោយរាជ្យ​នៅ​អាណាចក្រ​ភ្នំ។

កៅណ្ឌិន្យ មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ស្រុក​ប៉ានប៉ាន នៅ​ខាង​ត្បូង​ដែល​អ្នក​ស្រុក​នគរ​ភ្នំ​បាន​នាំ​គ្នា​ទៅ​ជួប ហើយ​ស្រុះ​ស្រួល​លើក​ព្រះអង្គ​អោយ​ឡើង​សោយរាជ្យ។ ឯកសារ​ខ្លះ​បាន​បញ្ជាក់​ថា ក្សត្រ​អង្គ​នេះ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ស្រុទ្ទៈវរ្ម័ន ដែល​គេ​បាន​ថ្វាយ​ព្រះ​រហ័សនាម​ថា អ្នក​ការពារ​លទ្ធិ​វេទ។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ សាសនា​ព្រាហ្មណ៍​គណៈ​ឥសូរ មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ប៉ុន្តែ​ខាង​ព្រះពុទ្ធ​សាសនា​មហា​យាន​វិញ ក៏​នៅ​មាន​សាសនិក​អ្នក​ជឿ និង​គោរព​ច្រើន​ដែរ។ របៀប​របប​រៀប​ចំ​ផ្នែក​នយោបាយ និង​ខាង​សង្គម​នៅ​អាណាចក្រ​ភ្នំ ត្រូវ​ចម្លង​យក​តាម​រូបភាព​ប្រទេស​ឥណ្ឌា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ព្រះអង្គ​បាន​ទាំង​អញ្ជើញ​ពួក​ព្រាហ្មណ៍​យ៉ាង​ច្រើន​ពី​ប្រទេស​ឥណ្ឌា ដោយ​ផ្តល់​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ដល់​ពួក​នេះ ដើម្បី​អោយ​គេ​ជួយ​រៀប​ចំ​កិច្ច​ការ​ផ្សេងៗ​ខាង​សាសនា ការ​អប់រំ និង​ខាង​សង្គម​ថែម​ទៀត​ផង។

ក្រោយ​ពី​ព្រះអង្គ​ចូល​ទិវង្គត​ទៅ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ទ្រង់​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ស្រេស្ថាវរ្ម័ន។ ព្រះរាជា​អង្គ​នេះ​បាន​បញ្ជា​អោយ​យក​សារ​ការទូត និង​ដង្វាយ​ទៅ​ថ្វាយ​ព្រះចៅ​អធិរាជ​ចិន នៃ​រាជវង្ស​វ៉ិន​ជាច្រើន​លើក គឺ​នៅ​គ្រិស្ដសករាជ​៤៣៤-៤៣៥ និង​៤៣៨។ ម៉្យាង​ទៀត ដើម្បី​រក្សា​ចំណង​មិត្តភាព​ល្អ​ជាមួយ​ប្រទេស​ចិន នេះ ព្រះបាទ ស្រេស្ថាវរ្ម័ន ក្នុង​ឆ្នាំ​៤៣១-៤៣២ បាន​ប្រកែក​មិន​ព្រម​ជួយ​ប្រទេស​ចំប៉ា ក្នុង​ការ​វាយ​ដណ្ដើម​យក​ខេត្ត​តុងគឹង របស់​ចិន ទេ។

ពង្សាវតារ​ចិន រាជវង្ស​ស៊ី​ខាង​ត្បូង បាន​និយាយ​ថា ប្រហែល ១០​ឆ្នាំ​ក្រោយ​កាល​កំណត់​៤៣១-៤៣២ ស្ដេច​សោយរាជ្យ​នៅ​នគរ​ភ្នំ គឺ​ព្រះបាទ ជ័យវរ្ម័ន ដែល​មាន​ត្រកូល កៅណ្ឌិន្យ គឺ​ព្រះបាទ កៅណ្ឌិន្យ ជ័យវរ្ម័ន គ្រិស្ដសករាជ​៤៨០-៥១៤។ ព្រះអង្គ​ជា​មហាក្សត្រ​នគរ​ភ្នំ ដែល​មាន​ចំណង​ទាក់ទង​ការទូត​យ៉ាង​ប្រពៃ​បំផុត​ជាមួយ​នឹង​ប្រទេស​ចិន រហូត​ដល់​ព្រះចៅ​អធិរាជ​ចិន ទ្រង់​ថ្វាយ​ឋានន្តរនាម​ថា មេទ័ព​ស្នេហា​សន្តិភាព​ភាគ​ខាង​ត្បូង​អធិរាជ​ក្រុង​ភ្នំ។ ក្នុង​រាជ​ព្រះបាទ កៅណ្ឌិន្យ​ជ័យវរ្ម័ន នេះ​មាន​ព្រះភិក្ខុ​សង្ឃ​ពីរ​អង្គ​នៃ​អាណាចក្រ​ភ្នំ គឺ​ព្រះសង្ឃ​បាល និង​មន្ត្រសេន បាន​និមន្ត​ទៅ​គង់​នៅ​ប្រទេស​ចិន ដើម្បី​ជួយ​បកប្រែ​គម្ពីរ​ផ្សេងៗ​ពី​ភាសា​សំស្ក្រឹត។ ហើយ​គឺ​ក្នុង​រាជ្យ​ព្រះអង្គ​នេះ​ដែរ គឺ​ក្នុង​គ្រិស្ដសករាជ​៥០៣ ព្រះអង្គ​ទ្រង់​បាន​ចាត់​ព្រះសង្ឃ​ព្រះនាម នាគសេន អោយ​នាំ​ព្រះពុទ្ធ​រូប​ធ្វើ​អំពី​ផ្កា​ថ្ម និង​ចេតិយ​ធ្វើ​អំពី​ភ្លុក និង​វត្ថុ​ផ្សេងៗ​ទៀត ទៅ​ថ្វាយ​ព្រះចៅ​អធិរាជ​ចិន រាជវង្ស​សុង។

ដោយសារ​សំអាង​ទៅ​លើ​ឯកសារ​ចិន ដែល​ចែង​ពី​សេចក្តី​រាប់​អាន ដែល​ព្រះចៅ​អធិរាជ​ចិន មាន​ចំពោះ​ព្រះបាទ កៅណ្ឌិន្យ​ជ័យវរ្ម័ន នេះ គេ​អាច​សន្មត​ថា រជ្ជកាល​របស់​ព្រះអង្គ​ជា​សម័យ​រុងរឿង​បំផុត​នៃ​ប្រវត្តិសាស្ត្រ​អាណាចក្រ​នគរ​ភ្នំ។ ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​នៅ​គ្រិស្ដសករាជ​៥១៤។ តាម​រាជ​ប្រវេណី ក្រោយ​ពី​ព្រះអង្គ កៅណ្ឌិន្យ​ជ័យវរ្ម័ន សុគត​ទៅ គឺ​ត្រូវ​រាជ​ទាយាទ​ព្រះនាម គុណវរ្ម័ន ជា​បុត្រ​របស់​ព្រះរាជ​អគ្គមហេសី ព្រះនាង កុលប្រភាវតី ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ។ ប៉ុន្តែ នៅ​ឆ្នាំ​៥១៤ នោះ​ដដែល រុទ្រវរ្ម័ន ជា​ព្រះជេដ្ឋា​របស់ គុណវរ្ម័ន ដែល​ជា​បុត្រ​របស់​ស្នំ​ម្នាក់ បាន​ធ្វើ​គត់ គុណវ្ម័ន ជា​ប្អូន ដើម្បី​ដណ្ដើម​យក​រាជ្យ​សម្បត្តិ​សោយ។

ព្រះបាទ រុទ្រវរ្ម័ន នេះ គឺ​ជា​ស្ដេច​ចុង​ក្រោយ​បង្អស់​នៃ​អាណាចក្រ​នគរ​ភ្នំ។ ព្រះអង្គ​បាន​បញ្ជូន​រាជទូត​ជាច្រើន​ដង​នៅ​ចន្លោះ​គ្រិស្ដសករាជ​៥១៧ និង​៥៣៥ ទៅ​កាន់​ប្រទេស​ចិន។ រាជទូត​អាណាចក្រ​ភ្នំ​ម្នាក់​ដែល​បាន​នាំ​សួយ​ជា​សត្វ​រមាស​មួយ​ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចិន នៅ​ឆ្នាំ​៥៣៩ បាន​ទូល​ព្រះអង្គ​ថា នៅ​ប្រទេស​ខ្លួន​មាន​ព្រះកេស គឺ​សក់​ព្រះ​មួយ​សរសៃ​ប្រវែង​បី​ម៉ែត្រ។ លុះ​ទ្រង់​ជ្រាប​ដំណឹង​នេះ​ហើយ ព្រះចៅ​អធិរាជ​លាងវូទី បាន​បញ្ជា​ព្រះសង្ឃ ឆេយុនប៉ាវ អោយ​និមន្ត​មក​អាណាចក្រ​ភ្នំ ដើម្បី​នាំ​យក​ព្រះកេស​នោះ​ទៅ​ប្រទេស​ចិន។

បើ​តាម​ពង្សាវតារ​រាជវង្ស​លាង ព្រះពុទ្ធ​សាសនា​ក្នុង​សម័យ​នោះ​រុងរឿង​ណាស់ ព្រោះ​ឯកសារ​នោះ​បាន​និយាយ​ថា មាន​គណៈ​បេសកកម្ម​ទូត​ចិន មួយ​ត្រូវ​បញ្ជូន​មក​អាណាចក្រ​ភ្នំ នៅ​ចន្លោះ​គ្រិស្ដសករាជ​៥៣៥ និង​៥៤៥ ដើម្បី​សុំ​អោយ​អធិរាជ​អាណាចក្រ​ភ្នំ បញ្ជូន​ទៅ​ប្រទេស​ចិន នូវ​អ្នក​ប្រាជ្ញ និង​គម្ពីរ​ខាង​ព្រះពុទ្ធ​សាសនា។

គួរ​កត់​សម្គាល់​ថា ការ​ដែល​ព្រះបាទ វុទ្រវរ្ម័ន ឡើង​សោយរាជ្យ​ដោយ​ខុស​ទំនង​បែប​នេះ បាន​បណ្ដាល​អោយ​អាណាចក្រ​នគរ​ភ្នំ​ត្រូវ​វឹកវរ​ចលាចល រហូត​ដល់​ត្រូវ​រលំ​រលាយ​ជា​ស្ថាពរ​នៅ​ពាក់​កណ្ដាល​ទី​២​នៃ​សតវត្ស​ទី​៦ នោះ​ឯង៕

មុន បន្ទាប់