ប្រវត្តិសាស្ត្រប្រទេសកម្ពុជា
(ជំពូកទី១)
ព្រះរាជាណាចក្រភ្នំ ឬ នគរភ្នំ
(សតវត្សរ៍ទី១ ដល់សតវត្សរ៍ទី៦ នៃគ.ស.)
១.
ផែនទីភូមិសាស្ត្រនៃប្រទេសកម្ពុជា
ក្នុងរយៈកាលនៃសម័យរុងរឿង
ព្រះរាជាណាចក្រកម្ពុជា បានលាតសន្ធឹងពីសមុទ្រចិន ដល់ទន្លេមេណាម។ កាលណោះ
ដែនដីកូសាំងស៊ីន ឬកម្ពុជាក្រោម រួមនិងខេត្តទាំងឡាយនៅភាគកណ្ដាល
និងភាគខាងត្បូងនៃប្រទេសឡាវ ហើយស្ទើរតែទាំងអស់នៃដែនដីនៃប្រទេសថៃ
សព្វថ្ងៃនេះ គឺជាអតីតដែនដីរបស់ខ្មែរទាំងអស់
ហើយក្នុងរយៈកាលដ៏យូរលង់មកហើយនោះ
មានពេលខ្លះខ្មែរក៏បានកាន់កាប់ជ្រោយម៉ាឡេស៊ី និងប្រទេសភូមា ផងដែរ។
តាំងពីច្រើនសតវត្សមកហើយ
ពិសេសពីសតវត្សទី១៣ រហូតដល់សតវត្សទី១៨ និងទី១៩ នៃគ្រិស្ដសករាជ
ទឹកដីប្រទេសកម្ពុជា កាន់តែរួញតូចទៅៗ បន្តិចម្តងៗ
ដោយសារសត្រូវទាំងឆ្វេងទាំងស្តាំ គឺថៃ និងវៀតណាម ដែលមានបំណងយកទន្លេមេគង្គជាព្រំដែនរួមរបស់គេ។
ដោយមានអន្តរាគមន៍របស់ប្រទេសបារាំង
តាមការស្នើសុំរបស់ព្រះរាជាខ្មែរ ប្រទេសជិតខាងរបស់កម្ពុជា
បានព្រមចុះសន្ធិសញ្ញាព្រមព្រៀងបីជាសំខាន់ គឺសន្ធិសញ្ញាឆ្នាំ១៨៦៣
សន្ធិសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ដែលជួយអោយប្រទេសខ្មែរនៅគង់វង្សស្ថិតស្ថេរ
ដោយរក្សាបាននូវវត្តមាននយោបាយរបស់ខ្លួន
ហើយអាចកាន់កាប់ទឹកដីខ្លះរបស់ខ្លួនដែលនៅសល់
ហើយដែលខ្មែរធ្លាប់កាន់កាប់តាំងពីសតវត្សទី១៨ មក។ ក៏ប៉ុន្តែ
ទោះជាយ៉ាងនេះក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរច្រើនលាននាក់បានត្រូវកាត់ផ្តាច់
ឬបំបែកអោយទៅរស់នៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលបរទេសនៅលើទឹកដីកំណើតរបស់ខ្លួន។
ស្ថិតនៅចំកណ្ដាលប្រទេសអាស៊ីនៃខ្យល់រដូវ
ព្រះរាជាណាចក្រកម្ពុជា ឬស្រុកខ្មែរ ដែលមានផ្ទៃក្រឡាប្រមាណ
១៨២.០០០គីឡូម៉ែត្រក្រឡា ហើយមានព្រំប្រទល់ដែនជាប់នឹងប្រទេសថៃ ប្រទេសឡាវ
ប្រទេសវៀតណាម និងឈូងសមុទ្រសៀម។
លក្ខណៈភូមិសាស្ត្ររបស់ស្រុកខ្មែរ
អាចចែកជាពីរតំបន់ដាច់ពីគ្នា គឺតំបន់ភ្នំ ខ្ពង់រាប ស្ថិតនៅភាគខាងជើង
ភាគឦសាន និងភាគនិរតីនៃប្រទេស។ ចំណែកខាងតំបន់វាលទំនាបវិញ
គឺស្ថិតតាមបាតខ្ទះ ភាគកណ្ដាល តំបន់បឹងបួ វាលទំនាបទន្លេមេគង្គ
និងតំបន់មាត់សមុទ្រ។ មួយភាគធំនៃផ្ទៃប្រទេស
ត្រូវគ្របដណ្ដប់ទៅដោយសម្បត្តិធម្មជាតិ ព្រៃឈើ ហើយតំបន់ដីខ្ពស់
គឺខ្ពង់រាបហាក់មានលក្ខណៈជាខ្សែក្រវាត់ធម្មជាតិ
ដែលហ៊ុមព័ទ្ធវាលទំនាបរបស់ប្រទេសខ្មែរទាំងមូល។
នៅភាគនិរតីនៃប្រទេស
មានភ្នំធំ ហើយខ្ពស់ចោត ដូចជាជួរភ្នំក្រវាញ ជាដើម
ដែលលាតសន្ធឹងដល់មាត់សមុទ្រ ហើយមានកម្ពស់ពី ១.០០០ម៉ែត្រ រហូតដល់
១.៧៤៤ម៉ែត្រ នៅភ្នំសង្កុស។ នៅភាគខាងជើង មានជួរភ្នំដងរែក
ដែលខណ្ឌដែនប្រទេសកម្ពុជា និងប្រទេសថៃ ហើយជួរភ្នំនេះជាប់ទៅនឹងភ្នំដែក
ដែលជាភ្នំសម្បូរដោយរ៉ែលោហធាតុ ដែលបុព្វបុរសដូនតាខ្មែរធ្លាប់ដឹកយកមកប្រើប្រាស់
ហើយដឹកជញ្ជូនតាមផ្លូវទឹក គឺស្ទឹងមួយដែលអាចប្រើប្រាស់បានរយៈពេល
៨ខែក្នុងមួយឆ្នាំ។ ស្ទឹងនេះហូរចាក់ចូលមកក្នុងបឹងទន្លេសាប
ដោយឆ្លងតំបន់ភ្នំគូលែន ជាតំបន់មួយដែលព្រះបាទជ័យវរ្ម័នទី២ ធ្លាប់បានរៀបចំកសាងជារាជធានីមួយរយៈ
នៅដើមសតវត្សរ៍ទី៩ នៃគ្រិស្ដសករាជផង។
នៅភូមិភាគឦសាននៃប្រទេស
គឺនៅក្នុងខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី
ជាតំបន់ដែលសម្បូរដោយខ្ពង់រាបដែលមានធាតុកសិណសិលា ថ្មក្រានីត និងថ្មបបុះ
ដែលមានដើមកំណើតមកពីកម្អែលភ្នំភ្លើងក្នុងសម័យអតីតកាលដ៏យូរ
ហើយកន្លែងខ្លះមានកម្ពស់រហូតដល់ ១.០០០ម៉ែត្រ ពិសេស
គឺតំបន់ដែលមានព្រំដែនប្រសព្វគ្នារវាងប្រទេសទាំងបី គឺកម្ពុជា ឡាវ
និងវៀតណាម។ ហើយទន្លេសំខាន់ៗបីដែលហូរពីខ្ពង់រាបខាងលើនេះ
ឆ្ពោះទៅទិសខាងលិច គឺហូរភ្ជាប់ទៅនឹងទន្លេទាំងបីនោះ គឺទន្លេសេកុង
សេសាន និងទន្លេស្រែពក។
ភាគកណ្ដាលនៃប្រទេសកម្ពុជា
ជាតំបន់បាតខ្ទះ ដែលសម្បូរទៅដោយដីល្បប់មានជីជាតិ
ហើយនិងមានភ្នំខ្លះដែរ តែស្ថិតនៅដាច់ៗពីគ្នា គឺជាតំបន់ដែលដីសម្បូរទៅដោយជីជាតិជាងគេបំផុតនៅក្នុងជ្រោយឥណ្ឌូចិន
នេះ។ នេះជាហេតុទាក់ទាញប្រជាពលរដ្ឋអោយមករស់នៅកុះករក្នុងតំបន់នោះ ពិសេស
គឺប្រជាពលរដ្ឋដែលរស់រាន ហើយទាញយកផលពីមុខរបរកសិកម្ម
ទាញផលប្រយោជន៍ពីវាលទំនាបមានជីជាតិ ផលប្រយោជន៍ពី បឹង ស្ទឹង ទន្លេ
ទាំងឡាយនៃភូមិភាគនោះ។
បឹងទន្លេសាប
គឺជាបឹងមួយដែលធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ នៅរដូវវស្សា
បឹងនេះមានបណ្តោយរហូតដល់ទៅ ១៦០គីឡូម៉ែត្រ និងទទឹង ៣៦គីឡូម៉ែត្រ។
នៅរដូវប្រាំង ខែមីនា-មេសា បឹងនេះមានក្រឡាផ្ទៃប្រមាណ
៣.០០០គីឡូម៉ែត្រក្រឡា។ គេអាចចែកបឹងនេះជាពីរផ្នែក គឺបឹងធំ
ស្ថិតនៅភាគខាងលិច បឹងតូច វាលភក់ តំបន់កដប ស្ថិតនៅភាគខាងកើត។
នៅពេលទឹកទន្លេមេគង្គឡើងខ្ពស់ ទឹកបឹងទន្លេសាបនេះ មានជម្រៅរហូតដល់ជាង
១០ម៉ែត្រ ហើយបែកវាលលិចគ្របដណ្ដប់លើព្រៃមាត់បឹងទាំងអស់ដែលនៅជុំវិញបឹងទន្លេសាបនោះ។
ទន្លេមេគង្គដែលមានប្រភពចេញមកពីតំបន់ទីបេ
ជាទន្លេធំតែមួយគត់ដែលហូរកាត់ប្រទេសកម្ពុជា
ពីព្រំដែនខាងជើងទៅព្រំដែនខាងត្បូង ត្រង់ល្បាក់ខោន
គឺត្រង់ព្រំប្រទល់ដែនរវាងប្រទេសឡាវ និងកម្ពុជា
ទឹកទន្លេមេគង្គត្រូវហូរមកជួបនឹងរបាំងថ្មខ្ពស់ ដូចជាទំនប់ចោតត្រេង
ដែលធ្វើអោយទន្លេមេគង្គត្រង់ល្បាក់ខោននេះ ក្លាយជាអាងទឹកដ៏ធំសម្បើម
ដែលមានជម្រៅរហូតដល់ជាង ២០ម៉ែត្រ ហើយហូរធ្លាក់ចុះយ៉ាងខ្លាំងមកក្រោម
ដែលកប៉ាល់មិនអាចធ្វើដំណើរឆ្លងកាត់ទីនោះបានឡើយ។
ក្រៅពីតួទន្លេមេគង្គ
ក៏មានដៃទន្លេជាច្រើន ខ្លះមានទទឹងរហូតទៅដល់ជាង ២គីឡូម៉ែត្រ
ហូរប្រសព្វគ្នាចាក់ទៅត្រង់ដែនដីសណ្ដទន្លេមេគង្គ ដែលមានទំហំប្រមាណ
៦០០គីឡូម៉ែត្រ ពិសេស គឺត្រង់ដែនដីដែលបារាំង ហៅថា កូសាំងស៊ីន
ហើយធ្វើអោយតំបន់នេះក្លាយជាតំបន់មានជីជាតិបំផុតរបស់ជនជាតិខ្មែរ។
បច្ចុប្បន្ននេះ ដែនដីកូសាំងស៊ីន គឺដែនដីកម្ពុជាក្រោម
ដ៏មានជីជាតិរបស់ខ្មែរ ក្លាយទៅជារបស់វៀតណាម ទៅហើយ។
ចំណែកវាលទំនាបទន្លេមេគង្គវិញ គឺជាតំបន់ដែលលាតសន្ធឹងពីខេត្តក្រចេះ
រហូតទៅដល់មាត់សមុទ្រផ្នែកខាងត្បូង។ នៅភ្នំពេញ
ដែលជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា
ដែលបានបង្កើតឡើងតាំងពីអំឡុងសតវត្សទី១៥ នៃគ្រិស្ដសករាជនោះ
ទន្លេមេគង្គត្រូវបែកចេញជាទន្លេបួន ដែលគេនិយមហៅថាចតុមុខ។
នៅត្រង់ចតុមុខនេះ ទន្លេមេគង្គត្រូវភ្ជាប់ទៅនឹងទន្លេសាប
ដែលបែកទៅទិសខាងជើងទន្លេធំ និងទន្លេបាសាក់ ដែលហូរចាក់ទៅក្នុងសមុទ្រ។
នៅរដូវប្រាំង ខែផល្គុណ ចែត្រ
គឺខែមីនា មេសា ទឹកទន្លេមេគង្គត្រូវនឹងថ្កល់ ហើយជោរនាចទៅតាមពេលវេលា។
រហូតដល់ខែវស្សា រដូវភ្លៀងធ្លាក់ ចាប់ផ្ដើមឡើងនៅខែកក្កដា
ទឹកទន្លេមេគង្គត្រូវឡើងផ្ទៃទន្លេមេគង្គក៏រីកធំម្តងបន្តិចៗ។ ឯទន្លេធំ
និងទន្លេបាសាក់វិញ ទឹកក៏កាន់តែបន្ថែមល្បឿនឡើងជារៀងរាល់ថ្ងៃ
ហូរត្របាញ់ចាក់ទៅក្នុងសមុទ្រ។ ចំណែកខាងបឹងទន្លេសាបវិញ
ពេលនោះបានក្លាយជាអាងស្តុកទឹកយ៉ាងធំ
រហូតលិចអស់តំបន់ទាំងឡាយដែលនៅជុំវិញទីនោះ អស់រយៈពេល
៥ខែក្នុងមួយឆ្នាំ គឺមានរយៈកាលស្មើនឹងទឹកទន្លេមេគង្គឡើងដូច្នោះដែរ។
នៅរដូវសម្រក ពិសេស
គឺពេលដែលទឹកទន្លេសាបចាប់ផ្ដើមហូរវិលត្រឡប់ចេញមកវិញ
ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី
រួមទាំងជនជាតិខ្មែរនៅទឹកដីកម្ពុជាក្រោមផង
តែងតែប្រារឰធ្វើពិធីបុណ្យប្រពៃណីមួយ គឺបុណ្យអុំទូក អកអំបុក សំពះព្រះខែ
ដើម្បីសាទរបាតុភូតធម្មជាតិដ៏កម្រមាននៅលើពិភពលោកយើងនេះ៕