ប្រវត្តិសាស្ត្រ​ខ្មែរ​នា​សម័យ​អាណាចក្រ​ភ្នំ (ភាគ​៣)

 ប្រវត្តិសាស្ត្រ​ស្តី​អំពី​ការ​កកើត​សន្តតិវង្ស​ខ្មែរ​ដំបូង មាន​ប្រភព​មក​ពី​អ្នក​ដំណើរ​ជា​ជនជាតិ​ចិន ដែល​បាន​មក​ដល់​ដែន​ដី​នេះ​នា​សម័យ​កាល​នោះ ហើយ​បាន​កត់ត្រា​ទុក។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ឈ្មោះ​មនុស្ស ឬ​ទីតាំង​មាន​សូរសៀង​ស្រដៀង​ចិន ដូច​ជា​ព្រះរាជា​ខ្មែរ​ទី​មួយ និង​ព្រះជាយា​របស់​ព្រះអង្គ​មាន​ព្រះនាម​ថា ព្រះបាទ ហ៊ុន ទៀន និង​ព្រះនាង​លីវយី ហើយ​ឈ្មោះ​នគរ​ជា​នគរ​ហ្វូណន ឬ​ចេនឡា ជាដើម។


៤.អាណាចក្រ​នគរភ្នំ

ទឹក​ដី​នៅ​តាម​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម ហើយ​និង​ក្នុង​ដែន​ដី​សណ្ដ​នៃ​ទន្លេ​នេះ បាន​ត្រូវ​ពួក​ខ្មែរ​មួយ​ក្រុម​ដែល​មាន​ជំនឿ​ទៅ​លើ​សត្វ​នាគ ឬ​ដែល​ជឿ​ថា បុព្វបុរស​ដូនតា​របស់​ខ្លួន មាន​អម្បូរ​មក​ពី​ពូជ​នាគ រស់​នៅ​តាំង​ពី​យូរ​លង់​មក​ហើយ។ ឯកសារ​ចិន របស់ លោក កាំង ថៃ ដែល​បាន​មក​ទស្សនា​នគរភ្នំ​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​៣​នៃ​គ្រិស្ដសករាជ បាន​រៀប​រាប់​ថា ប្រហែល​ជា​ក្នុង​ឆ្នាំ​៥០​នៃ​គ្រិស្ដសករាជ មាន​ជនជាតិ​ឥណ្ឌា ជា​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ហ៊ុន ទៀន បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា តាម​កោះ​ខាង​ត្បូង​មក​អាណាចក្រ​ភ្នំ។ ហេតុ​ដែល​បណ្ដាល​អោយ​ព្រាហ្មណ៍ ហ៊ុន ទៀន ធ្វើ​ដំណើរ​មក​កាន់​នគរភ្នំ នេះ ព្រោះ​យប់​មួយ​ព្រះបាទ ហ៊ុន ទៀន បាន​យល់​សប្ដិ​ឃើញ​ថា ទេវតា​ដែល​បី​បាច់​ថែ​រក្សា​ព្រះអង្គ បាន​ធ្វើ​អំណោយ​ធ្នូ​ទិព្វ​មួយ​ដល់​ព្រះអង្គ ហើយ​បញ្ជា​អោយ​ព្រះអង្គ​ឡើង​ជិះ​សំពៅ​ដ៏​ធំ​មួយ។ លោក កាំង ថៃ បន្ត​ថា លុះ​ព្រឹក​ឡើង ព្រះអង្គ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ទេវស្ថាន ដើម្បី​ធ្វើ​សក្ការបូជា ស្រាប់​តែ​បាន​ឃើញ​ធ្នូ​ទិព្វ​នោះ​ដូច​សុបិន្ដ​មែន។ ដោយ​សុបិន្ដ​ឆុត​ដូច្នេះ ព្រះអង្គ​ក៏​ធ្វើ​ដំណើរ​តាម​សមុទ្រ ទៅ​កាន់​អាណាចក្រ​ភ្នំ​តាម​ការ​ណែនាំ​របស់​ទេវតា​ក្នុង​ការ​យល់​សប្ដិ​នោះ។

មក​ដល់​នគរភ្នំ ព្រះបាទ ហ៊ុន ទៀន បាន​ពើប​ប្រយុទ្ធ​ជាមួយ​រាជធានី​នៃ​រដ្ឋ​នេះ ដែល លោក កាំង ថៃ ថា​មាន​ព្រះនាម​ថា ព្រះនាង លីវយី។ ព្រះនាង លីវយី ដែល​បាន​នាំ​កម្លាំង​ទ័ព​មក​វាយ​លុក​លើ​សំពៅ​ព្រះបាទ ហ៊ុន ទៀន មុន។ ដោយ​ឫទ្ធានុភាព​ធ្នូ​ទិព្វ ព្រះអង្គ​ក៏​ទទួល​បាន​ជ័យ​ជម្នះ​លើ​ព្រះនាង លីវយី ដែល​ជា​ម្ចាស់​ស្រុក ដោយ​ព្រះអង្គ​បាន​បាញ់​សំពៅ​របស់​ព្រះនាង​អោយ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង។ ដោយ​ឃើញ​ព្រះបាទ ហ៊ុន ទៀន មាន​ឫទ្ធិ​ខ្លាំង​ពូកែ​ដូច្នោះ ព្រះនាង លីវយី ក៏​ព្រម​ចាញ់​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​បាន​រៀប​អភិសេក​ព្រះនាង​ជា​អគ្គមហេសី តាំង​ពី​ពេល​នោះ​មក។

ប្រភព​មួយ​ទៀត​ដែល​រៀប​រាប់​ពី​ព្រឹត្តិការណ៍​នេះ​ដែរ គឺ​សិលា​ចារិក​ចាម នៅ​មីសឺន (គ្រិស្ដសករាជ ៦៥៨) បាន​អោយ​យើង​ដឹង​ថា ព្រះបាទ ហ៊ុន ទៀន ដែល​ចិន ហៅ​នោះ​ឈ្មោះ កៅណ្ឌិន្យ ឯ​ព្រះនាង លីវយី វិញ គឺ​ព្រះនាង សោមាកូនព្រះច័ន្ទ។ ឯ​ខាង​ព្រះរាជពង្សាវតារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វិញ បាន​ហៅ​ព្រះនាម​ស្ដេច​នោះ​ថា ព្រះថោង និង​នាង​នាគ ដែល​បាន​បន្សល់​ទុក​នូវ​កេរ្តិ៍​ដំណែល​ទំនៀមទម្លាប់​ប្រពៃណី​ជាច្រើន អោយ​ជីវភាព​សង្គម​ខ្មែរ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ដូច្នេះ រួម​សេចក្តី​មក គឺ​ព្រះបាទ ហ៊ុន ទៀន ឬ កៅណ្ឌិន្យ ឬ ព្រះថោង និង​ព្រះនាង លីវយី ឬ ព្រះនាង សោមាកូនព្រះច័ន្ទ ឬ នាង​នាគ នេះ​ហើយ ដែល​ជា​អ្នក​បាន​កសាង​ឡើង​នូវ​សន្តតិវង្ស ឬ​រាជវង្ស​ខ្មែរ​ជា​ដំបូង​គេ​បង្អស់​នោះ។ ម៉្យាង​ទៀត គឺ​ពេល​នោះ​ហើយ​ដែល​ព្រះថោង ឬ កៅណ្ឌិន្យ ឬ ហ៊ុន ទៀន ដែល​ជា​ជាតិ​ឥណ្ឌា បាន​នាំ​យក​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ផ្សេងៗ​ពី​ប្រទេស​ឥណ្ឌា មាន​សាសនា ភាសា អ្នក​ប្រាជ្ញ​អក្សរសាស្ត្រ ច្បាប់​ទម្លាប់​ផ្សេងៗ ពិសេស គឺ​របៀប​រៀប​ចំ ឬ​គំនិត​ដឹក​នាំ​ប្រទេស​តាម​បែប​រាជាធិបតេយ្យ​មក​បន្ថែម​អោយ ឬ​បញ្ចូល​គ្នា​នឹង​អ្វីៗ​ដែល​សង្គម​ខ្មែរ​មាន​រួច​ទៅ​ហើយ ដូច​ជា​ជំនឿ​លើ​ព្រលឹង​ដូនតា គោរព​មេបា អារក្ខ​អ្នកតា និង​លទ្ធិមាតាធិបតេយ្យ​យក​មេ​ជា​ធំ ដែល​ជា​ហេតុ​ធ្វើ​អោយ​សង្គម​ខ្មែរ​ក្នុង​សម័យ​នោះ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​បំផុត។

ចំពោះ​ឈ្មោះ​នគរ វិញ គឺ​ប្រហែល​ពី​ពេល​នោះ​មក​ហើយ​ដែល​មាន​ឈ្មោះ​ថា នគរភ្នំ ព្រោះ​តាម​ឯកសារ​ចិន បាន​និយាយ​ច្បាស់​ថា អធិរាជ​អាណាចក្រ​ភ្នំ​មាន​ឋានន្តរនាម​ថា គូឡុង គឺ​ក្រុង​ដែល​សព្វថ្ងៃ​មាន​ន័យ​ថា ស្ដេច​សោយរាជ្យ។ ម៉្យាង​ទៀត តាម​ការ​និយម​របស់​ជនជាតិ​ចិន គេ​ច្រើន​ប្រើ​ឈ្មោះ ឬ​ពាក្យ​តែ​មួយ​សម្រាប់​សម្គាល់​ប្រទេស​ផង ប្រជារាស្ត្រ​ផង រាជធានី​ផង ឬ​ក៏​ឋានន្តរនាម​របស់​អ្នក​ដឹក​នាំ​ផង។ ដូច្នេះ ពាក្យ ហ្វូណន ចិន ប្រហែល​ជា​ហៅ​តាម​ឋានន្តរនាម​ព្រះចៅ​អធិរាជ គឺ​កុរុងវ្នំ ហើយ ហ្វូណន គឺ​ជា​សំនៀង​ចិន នៃ​ពាក្យ​វ្នំ ឬ​ភ្នំ​របស់​ខ្មែរ​នេះ​ឯង។ ឯ​ការ​ដែល​អធិរាជ​អាណាចក្រ​ភ្នំ​មាន​ឋានន្តរនាម​ក្រុង​វ្នំ​ដូច្នេះ គឺ​ប្រហែល​ជា​មក​ពី​ភ្នំ​ជា​ទី​កន្លែង​ដែល​អធិរាជ​ឡើង​ទៅ​ជួប​និង​ព្រះឥសូរ។ ឯកសារ​ចិន បាន​រៀប​រាប់​ថា ព្រះអាទិទេព​យាង​ចុះ​ពី​លើ​ភ្នំ​ម៉តាន់ ជា​ញឹកញាប់ ព្រះអង្គ​បាន​យក​ទី​នោះ​ដើម្បី​បញ្ចេញ​មហិទ្ធិឫទ្ធិ​របស់​ព្រះអង្គ។ ព្រះចៅ​អធិរាជ​ទាំង​ឡាយ​បាន​ទទួល​នូវ​ពរ​ជ័យ​ពី​ព្រះអង្គ ហើយ​ប្រជារាស្ត្រ​ក៏​បាន​សុខ​ចម្រើន ដោយសារ​សកម្មភាព​នោះ​ផង​ដែរ។

ចំណែក​ខាង​រាជធានី​នៃ​អាណាចក្រ​នគរភ្នំ​វិញ មាន​ឈ្មោះ​ថា វ្យាធៈបុរៈ ប្រហែល​ស្ថិត​នៅ​ម្តុំ​បាភ្នំ មាន​ចម្ងាយ​ប្រមាណ ២០០​គីឡូម៉ែត្រ​ពី​សមុទ្រ។

៥- ការ​បង្កើត​រាជវង្ស​ដំបូង

អ្នក​ស្នងរាជ្យ​ត​ពី​ព្រះបាទ កៅណ្ឌិន្យ គឺ​ជា​កូន​ចៅ​របស់​ព្រះអង្គ ក្នុង​នោះ​មាន​ព្រះបាទ ហ៊ុន ផានហួង ដែល​ជា​ព្រះរាជា​មួយ​អង្គ​ខ្លាំង​ពូកែ មាន​កលល្បិច​ក្នុង​ការ​ធ្វើ​សង្គ្រាម​ពង្រឹង​អំណាច​កណ្ដាល ហើយ​វាយ​ពង្រីក​អាណាចក្រ​អោយ​ធំ​ទូលាយ។ ស្ដេច​អង្គ​នេះ​សោយ​ទិវង្គត​ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា នៅ​ដើម​សតវត្ស​ទី​៣​នៃ​គ្រិស្ដសករាជ។ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ដែល​អ្នក​និពន្ធ​ចិន ថា​មាន​ព្រះនាម ប៉ាន-ប៉ាន (Phan-Phan) ត្រូវ​ជ្រើស​តាំង​អោយ​ឡើង​ស្នងរាជ្យ​បន្ត​ពី​ព្រះអង្គ។ ប៉ុន្តែ ព្រះរាជា​អង្គ​ថ្មី​នេះ បាន​ប្រគល់​កិច្ចការ​រដ្ឋ​ទាំងអស់​ទៅ​អោយ​មេ​ទ័ព​ម្នាក់​ឈ្មោះ ស្រីមារៈ មើល​កិច្ចការ​ជំនួស។ ព្រះអង្គ​សោយរាជ្យ​បាន​តែ​បី​ឆ្នាំ​ក៏​សុគត​ទៅ។ ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី ក៏​ជ្រើស​មេ​ទ័ព ស្រីមារៈ អោយ​ឡើង​សោយរាជ្យ។

ជា​ទូទៅ ព្រះរាជា​ខ្មែរ​តែង​តែ​មាន​ព្រះនាម​បី គឺ៖

១. ព្រះនាម​កំណើត

២. ព្រះនាម​គ្រងរាជ្យ

៣. ព្រះមរណនាម គឺ​ជា​ព្រះនាម​ពេល​ដែល​ព្រះអង្គ​សុគត​ទៅ។

ព្រះអង្គ ស្រីមារៈ គឺ​ជា​ព្រះរាជា​ខ្មែរ​ដំបូង​បំផុត​ដែល​ទ្រង់​យក​ព្រះនាម "វរ្ម័ន" ដែល​មាន​ន័យ​ថា អ្នក​ការពារ មក​ប្រើ​ដំបូង​គេ​បង្អស់ ហើយ​ព្រះនាម​វរ្ម័ន​នេះ បាន​ត្រូវ​ព្រះមហាក្សត្រ​ខ្មែរ​ទ្រង់​ប្រើប្រាស់​ជា​រៀង​រហូត លុះត្រា​ដល់​ពេល​ដែល​បដិវត្តន៍​នយោបាយ និង​សាសនា​របស់​នាយ​ត្រសក់​ផ្អែម កើត​មាន​ឡើង។

ព្រះបាទ ស្រីមារៈ ជា​ស្ដេច​សឹក​ដ៏​ខ្លាំង​ពូកែ។ ព្រះអង្គ​បាន​ធ្វើ​សង្គ្រាម​តាម​ផ្លូវ​គោក​ផង តាម​ផ្លូវ​ទឹក​ផង ហើយ​ពង្រឹង​អំណាច​របស់​ព្រះអង្គ លើ​ដែន​ដី​ភាគ​ខាង​ក្រោម "កម្ពុជា​ក្រោម​សព្វថ្ងៃ" លើ​ភាគ​កណ្ដាល​នៃ​ទន្លេ​មេគង្គ ហើយ​រឹប​ដាក់​ជា​ចំណុះ​នូវ​រដ្ឋ​តូចៗ​នៅ​ភាគ​ខាង​ជើង ជ្រោយ​ម៉ាឡាយូ ដើម្បី​ត្រួត​ពិនិត្យ​លើ​ផ្លូវ​គោក និង​ទី​សំចត​ទាំង​ឡាយ​ចន្លោះ​ឈូង​សមុទ្រ​បឹងហ្គាល និង​ឈូង​សមុទ្រ​សៀម។ ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​ក្នុង​ពេល​ដែល​ទ្រង់​បំពេញ​បេសកកម្ម​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី។

ក្មួយ​របស់​ព្រះអង្គ​ព្រះនាម ហ្វានឆាន ដែល​ប្រហែល​ជា​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ធរណិន្ទ្រវរ្ម័ន បាន​ជ្រែក​រាជ្យ​ដោយ​បាន​ធ្វើ​គត់​រាជ​ទាយាទ គឺ​ព្រះរាជបុត្រ​ច្បង​របស់​ព្រះបាទ ស្រីមារៈ ហើយ​ឡើង​សោយរាជ្យ។ ព្រះអង្គ​សោយរាជ្យ​បាន​រយៈពេល ២០​ឆ្នាំ។

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះអង្គ​បាន​រឹត​ចំណង​ការទូត​ជាមួយ​នឹង​រាជវង្ស​ឥណ្ឌា មុរុណ្ឌ។ នៅ​ឆ្នាំ​២៤៣ ព្រះអង្គ​បាន​បញ្ជូន​រាជទូត​ទៅ​ប្រទេស​ចិន ដើម្បី​នាំ​ដង្វាយ​ជា​អ្នក​ភ្លេង និង​ផលិតផល​ផ្សេងៗ ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចិន។ គឺ​នៅ​ក្នុង​រាជ្យ​ព្រះអង្គ ហ្វានឆាន នេះ​ហើយ ដែល​គេ​បាន​សាង​សិលា​ចារិក​ខ្មែរ ដែល​ចាស់​ជាង​គេ​ជា​ភាសា​សំស្ក្រឹត ក្នុង​ដែន​សាមន្ត​រដ្ឋ​មួយ​របស់​អាណាចក្រ​នគរភ្នំ។ សិលា​ចារិក​នេះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​រមណីយដ្ឋាន "វ៉ូកាញ់" ក្នុង​តំបន់​ញ៉ាត្រាង ប្រទេស​វៀតណាម សព្វថ្ងៃ​នេះ។

ប្រហែល​នៅ​ក្នុង​ឆ្នាំ​២៥០ ព្រះអង្គ ហ្វានឆាន ត្រូវ​ធ្វើ​គត់​ដោយ​ព្រះរាជបុត្រ​ពៅ​របស់​ព្រះបាទ ស្រីមារៈ ដោយ​យក​លេស​ថា​សង​សឹក។ មេ​ទ័ព​ម្នាក់​របស់​ព្រះអង្គ ហ្វានឆាន មាន​ឈ្មោះ​ថា អាសុចៃ ដែល​តាម​ឯកសារ​ចិន ថា​ឈ្មោះ ស៊ីយុនហ្វាន់ស៊ីយុន បាន​ធ្វើ​គត់​រាជ​ទាយាទ គឺ​ព្រះរាជបុត្រ​ពៅ​របស់​ព្រះបាទ ស្រីមារៈ ហើយ​ប្រកាស​ខ្លួន​ឡើង​សោយរាជ្យ​ជា "កុរុងវ្នំ"។

ព្រះបាទ ហ្វាន់ស៊ីយុន ជា​ព្រះរាជា​ដែល​ស្រឡាញ់​សន្តិភាព ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ព្រះរាជ​ភារកិច្ច​របស់​ព្រះអង្គ​យ៉ាង​ខ្លាំង។ ដើម្បី​រក្សា​កិត្យានុភាព ព្រះអង្គ​បាន​ប្រើប្រាស់​ការទូត​ច្រើន​ជាង​កម្លាំង​ទ័ព។ ព្រះអង្គ​ទ្រង់​រក្សា​ចំណង​ទាក់ទង​ជា​ប្រក្រតី​ជាមួយ​ព្រះរាជវាំង មុរុណ្ឌ នៃ​ប្រទេស​ឥណ្ឌា។ ពី​ឆ្នាំ​២៦៨ ដល់​ឆ្នាំ​២៨៧ ព្រះអង្គ​បាន​បញ្ជូន​រាជទូត​ទៅ​ប្រទេស​ចិន។ ក្រៅ​ពី​នោះ ជាមួយ​នឹង​អាណាចក្រ​ចំប៉ា ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​នគរភ្នំ ព្រះអង្គ​បាន​រឹត​ចំណង​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​បំផុត រហូត​ដល់​គេ​អាច​ជឿ​បាន​ថា ប្រហែល​ជា​ព្រះអង្គ​បាន​ពង្រីក​អធិរាជ​ភាព​របស់​ព្រះអង្គ​លើ​ប្រទេស​ចំប៉ា នោះ ថែម​ទៀត​ផង៕

មុន បន្ទាប់