តើលោកអ្នកនាងជ្រាបទេថា ជនជាតិខ្មែរជាជនជាតិមួយបានរស់មុនគេបង្អស់នៅលើជ្រោយឥណ្ឌូចិន នេះ ហើយថែមទាំងមានវប្បធម៌ និងជំនឿរបស់ខ្លួនស្រាប់ទៅហើយ មុនការទទួលឥទ្ធិពលឥណ្ឌា។ ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូននូវប្រវត្តិសាស្ត្រខ្មែរសម័យបុរេប្រវត្តិ និងការទទួលឥទ្ធិពលឥណ្ឌា លើកទីមួយ។
២. សម័យបុរេប្រវត្តិ
ប្រជាពលរដ្ឋកម្ពុជា ដែលសម្គាល់ ឬហៅខ្លួនឯងថាជាជនជាតិខ្មែរនោះ គឺជាមនុស្សមួយក្រុម ក្នុងចំណោមពូជសាសន៍អូស្ត្រូអាស៊ី ហើយដែលបានមកតាំងទីរស់នៅក្នុងតំបន់ឥណ្ឌូចិន នេះតាំងពីសម័យយុគថ្មរំលីង គឺប្រមាណ ១៥សតវត្សមុនគ្រិស្តសករាជ។ ឯកសារខ្លះបញ្ជាក់ថា មានស្លាកស្នាមតាំងលំនៅនៅតំបន់នេះប្រមាណ ៥ពាន់ឆ្នាំមុនគ្រិស្តសករាជឯណោះ។ ក្រុមមនុស្សទាំងឡាយក្នុងអំបូរអូស្ត្រូអាស៊ី នេះនៅមានរស់រានរហូតដល់សព្វថ្ងៃនៅប្រទេសភូមាភាគខាងក្រោម ហើយនិងនៅតាមជួរភ្នំអណ្ណាម។ ឯលក្ខណៈកាត់ជាមួយធាតុម៉ុងហ្គោល គឺជាការកើតឡើងថ្មីៗខាងក្រោយ។
ក្នុងចំណោមជនជាតិឥណ្ឌូចិន គឺពួកមនុស្សរស់នៅត្រង់ចន្លោះប្រទេសចិន និងឥណ្ឌា ប្រជាពលរដ្ឋខ្មែរជាជនជាតិចាស់ជាងគេ ដែលបានតាំងទីលំនៅនៅលើទឹកដីរបស់ខ្លួនសព្វថ្ងៃនេះ គឺរហូតមកដល់សតវត្សទី១៣ នៃគ្រិស្តសករាជ ទាក់ទាញដោយដែនដីសណ្ដមានជីជាតិ វាលទំនាប និងសមុទ្រផង ព្រមដោយការរុញច្រានរបស់ពួកម៉ុងហ្គោលពីប្រទេសចិន មកផង ទើបជនជាតិវៀតណាម ជនជាតិថៃ និងភូមា បានលេចមុខមកនៅក្នុងតំបន់ឥណ្ឌូចិន នេះ ដោយពួកនេះបានវាយរុញច្រានជនជាតិខ្មែរ និងបងប្អូនរបស់ខ្លួន គឺជនជាតិមន អោយខ្ទាតពីតំបន់វាលទំនាបមេណាម និងពីតំបន់វាលទំនាបទន្លេឥរ៉ាវតី។
នៅតាមស្ថានីយបុរេប្រវត្តិនានារបស់ជនជាតិខ្មែរពីសម័យថ្មរំលីងនោះ គេបានរកឃើញ ដូចជានៅស្ថានីយម្លូព្រៃ អន្លង់ផ្ដៅ សំរោងសែន និងនៅលើខ្នងទួល ឬខ្នងភ្នំតំបន់ដីក្រហម គឺមេមត់ស្នួល នូវឧបករណ៍ផ្សេងៗជាច្រើនដែលធ្វើអំពីថ្មរំលីង។ ប្រជាជនក្នុងសម័យនោះចេះធ្វើពូថៅ កន្ត្រៃ និងកងដៃអំពីថ្មរំលីង។ គេចេះសូនដីឥដ្ឋធ្វើក្អមឆ្នាំង តុបតែងលំអដោយក្បាច់រចនាជារង្វង់ក្បាច់ហៀនគូទខ្យង និងចេះធ្វើក្រវិល សម្រាប់ពាក់ត្រចៀកថែមទៀតផង។ គេចេះនេសាទត្រីដោយស្ន ដែលមានងៀង និងស្ទូចត្រីដោយសន្ទូច ដែលមានផ្លែធ្វើអំពីឆ្អឹងសត្វ។ គេចេះផ្សាំង ឬចិញ្ចឹមសត្វគោក្របី ចិញ្ចឹមជ្រូក និងដាំស្រូវ។ ផ្ទះរបស់គេសង់បន្តើតលើសសរខ្ពស់ពីដី ដែលអាចការពារសត្វកណ្ដៀរ ឬសត្វសាហាវផ្សេងៗ ហើយនិងការពារទឹកលិចនៅរដូវវស្សា។ នៅក្នុងតំបន់ភាគខាងកើតក្នុងការកាប់ឆ្ការព្រៃស្បាត រានដីធ្វើចម្ការ ដើម្បីពង្រីកដំណាំកៅស៊ូនៅប្រទេសកម្ពុជា គេបានរកឃើញភូមិមូល ជាភូមិសម័យបុរេប្រវត្តិ ដែលមានគ្រឹះនៅសល់ដែលយើងអាចមើលឃើញយ៉ាងច្បាស់។ ក្នុងចំណោមភូមិទាំងនោះ ភូមិមួយត្រូវគេបានរកឃើញនៅមេមត់ ដែលយើងអាចឃើញច្បាស់នូវកំពែង ឬជញ្ជាំងក្រាស់ ហើយខ្ពស់ ធ្វើអំពីដីមានរាងជារង្វង់មូល ដែលមានវិជ្ឈមាត្រខាងក្រៅរហូតដល់ ២០០ម៉ែត្រ ហើយមានផ្លូវចូលពីរ។ ភូមិមូលពីសម័យបុរេប្រវត្តិនេះ ការពារដោយគូទឹកសងខាង ហើយគូទឹក ឬរណ្ដៅនោះ មានជម្រៅរហូតដល់ ៦ម៉ែត្រនៅឡើយសព្វថ្ងៃនេះ។
គេបានរកឃើញរោងជាង ឬកន្លែងកាត់បំបែកថ្ម និងដុសរំលីង ឬខាត់ថ្ម ដែលមានសំណល់វត្ថុផ្សេងៗយ៉ាងច្រើនសន្ធឹកធ្វើអំពីថ្មរំលីង ព្រមទាំងមានបំណែកចាន ឬក្រឡ ឬហៅម៉្យាងទៀតថា កុលាលភាជន៍យ៉ាងច្រើននៅទីនោះ។ តាមការស្រាវជ្រាវថ្មីៗបន្ថែមទៀត ដោយប្រើប្រព័ន្ធផ្កាយរណបថតពីទីអវកាសមក មន្ទីរពិសោធន៍ ណាសា (NASA) នៃសហរដ្ឋអាមេរិក បានប្រកាសថា បានរកឃើញភូមិមូលសម័យបុរេប្រវត្តិយ៉ាងច្រើននៅតំបន់សៀមរាបអង្គរ ផងដែរ។
ជនជាតិខ្មែរនៅសម័យបុរេប្រវត្តិ អនុវត្តជំនឿគោរពបុព្វបុរសដូនតា ហើយធ្វើសក្ការបូជាអ្នកតាម្ចាស់ទឹកម្ចាស់ដី ជាទង្វើដែលអាចអោយយល់បានថា នៅក្នុងប្រទេសមួយដែលទឹក និងដី មិនអាចកាត់ផ្តាច់ពីគ្នាបាន ហើយហាក់ដូចជាច្រឡូកលាយឡំភ្ជាប់គ្នាទៅនឹងមេឃ ក្នុងគំនិតចក្រវាឡដ៏អស្ចារ្យមួយ។
សត្វនាគ គឺជានិមិត្តរូបនៃកម្លាំងអាទិទេព ឬវត្ថុស័ក្ដិសិទ្ធិ វត្ថុទិព្វរបស់ជនជាតិខ្មែរ។ ជំនឿនេះ គេបានឃើញកើតមានមកពីយូរយារណាស់មកហើយ ជាពិសេសមានរឿងរ៉ាវនាងនាគ ដែលទាក់ទងទៅនឹងរយៈកាលចាប់ផ្ដើមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ថែមទៀតផង។ ថ្វីត្បិតតែរឿងរ៉ាវព្រះនាងនាគមានលក្ខណៈដូចជារឿងព្រេងនិទានបន្តិចក្តី ក៏សព្វថ្ងៃជំនឿនេះនៅមានជីវិតរស់រវើកក្នុងជីវភាពនៃជនជាតិខ្មែរ ហើយត្រូវបានប្រជាពលរដ្ឋខ្មែរគោរពបូជាយ៉ាងសកម្ម ហើយតម្កល់ទុកថា គឺអ្នកតាម្ចាស់ស្រុកម្ចាស់ទឹកម្ចាស់ដី ដ៏មានគុណនេះហើយជាអ្នកថែរក្សាការពារជនជាតិខ្មែរ និងមាតុភូមិខ្មែរនេះឯង។
៣. ការទទួលឥទ្ធិពលឥណ្ឌាលើកទី១
ក្នុងរង្វង់សតវត្សទី១ នៃគ្រិស្តសករាជ ជនជាតិខ្មែរដែលតាំងពីយូរលង់ណាស់មកហើយ ធ្លាប់មានទំនាក់ទំនងជាមួយអ្នកដើរសមុទ្រជាតិឥណ្ឌា ដែលភាគច្រើនជាអ្នកជំនួញ និងពួកព្រាហ្មណ៍ ក៏បានទទួលឥទ្ធិពលជាបន្តបន្ទាប់ពីពួកឥណ្ឌា ទាំងនោះ។ គ្មានអ្វីគួរអោយសង្ស័យឡើយ វប្បធម៌ និងសាសនានៃប្រទេសឥណ្ឌា បានក្លាយជាវប្បធម៌ និងសាសនារបស់វណ្ណៈអ្នកដឹកនាំខ្មែរ។ ចំណែកប្រជាពលរដ្ឋសាមញ្ញទូទៅវិញ រហូតដល់សព្វថ្ងៃនេះហើយ នៅតែមានជំនឿទៅលើព្រលឹងដូនតា គោរពបូជាអារុក្ខអារក្ខអ្នកតាម្ចាស់ទឹកម្ចាស់ដី ដែលជាជំនឿដើមរបស់ខ្មែរដដែល ទោះបីស្ថិតនៅក្រោមទង់ ឬរូបភាពព្រះពុទ្ធសាសនា ដែលនាំចូលពីឥណ្ឌា ក៏ដោយ។ ម៉្យាងទៀត គឺដោយសារការទទួលឥទ្ធិពលឥណ្ឌា ដែលមានភាសាសំស្ក្រឹតជាយាននេះហើយ ដែលបានជំរុញជនជាតិខ្មែរអោយចាប់ផ្ដើមសម័យប្រវត្តិសាស្ត្រជាតិរបស់ខ្លួន នាដើមសតវត្សទី១ នៃគ្រិស្តសករាជនេះ។
ការធ្វើដំណើរដែលកាន់តែរីកចម្រើនឡើងជាលំដាប់របស់ជនជាតិឥណ្ឌា មកកាន់តំបន់សុវណ្ណភូមិនេះ ដើមហេតុសំខាន់ គឺការមកធ្វើជំនួញជួញដូរខាងសេដ្ឋកិច្ច។ ពីដើមឡើយ ពួកឈ្មួញឥណ្ឌា ទិញមាសពីតំបន់ស៊ីបេរី ដែលពួកទូរចរធ្វើដំណើរដោយរទេះឆ្ងាយៗមកលក់អោយ ដោយឆ្លងកាត់តំបន់បាក់ទ្រីយ៉ាន។ ប៉ុន្តែ ប្រហែលជាពីរសតវត្សមុនគ្រិស្ដសករាជ ដោយមានការរំជើបរំជួលក្នុងចំណោមជនជាតិផ្សេងៗនៅភូមិភាគអាស៊ីកណ្ដាល បានធ្វើអោយផ្លូវនេះកាត់ផ្តាច់ ធ្វើគមនាគមន៍តទៅទៀតលែងកើត។
ក្រោយមក គឺក្នុងអំឡុងសតវត្សទី១នៃគ្រិស្តសករាជ ពួកឥណ្ឌា ក៏ធ្វើដំណើរបែរទៅទិសខាងលិច ហើយបានទិញ និងដឹកជញ្ជូនមាសពីពិភពរ៉ូម៉ាំង ក្នុងនោះមានទាំងកាក់មាសដែលគេបានរំលាយ ហើយបោះពុម្ពជារូបិយវត្ថុជាប្រាក់ ដាក់អោយប្រើប្រាស់នៅក្នុងចក្រភពរ៉ូម៉ាំង ថែមទៀតផង។ ក៏ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះចៅវ៉េស្ប៉ាស្យាង ដែលគ្រងរាជនៅចន្លោះឆ្នាំ៦៩-៧៩ នៃគ្រិស្ដសករាជ នៃចក្រភពរ៉ូម៉ាំង បានចេញបញ្ញត្តិហាមឃាត់មិនអោយនាំមាសចេញ ដែលជាប្រការបង្ខំអោយឈ្មួញឥណ្ឌា ស្វែងរកប្រភពទិញមាសពីកន្លែងផ្សេងទៀត។ ទីបំផុត ពួកនេះក៏បានធ្វើដំណើរបែរមករកតំបន់សុវណ្ណភូមិនេះ។ ការធ្វើដំណើរស្វែងមករកមាសនៅជ្រោយសុវណ្ណភូមិនេះ បានត្រូវសម្រួលដោយកត្តាជាច្រើនដូចជា ការរីកចម្រើនខាងផ្នែកនាវាចរសមុទ្រ ដោយពេលនោះគេអាចរកឃើញបច្ចេកទេសធ្វើសំពៅធំៗ មាំៗដែលអាចផ្ទុកទំនិញ និងមនុស្សចំនួនរហូតដល់ ៧០០នាក់ ការរកឃើញភាពឆ្លាស់គ្នានៃខ្យល់រដូវ ដោយអ្នកបើកសំពៅជនជាតិក្រិក បានជំរុញអោយមានភាពទៀងទាត់ក្នុងការធ្វើដំណើរ និងញ៉ាំងការស្វែងរកមាសនៅតំបន់សុវណ្ណភូមិនេះ កាន់តែមានសន្ទុះកើនឡើង។
ម៉្យាងទៀត ក្នុងពេលជាមួយគ្នានេះដែរ ព្រះពុទ្ធសាសនាក៏កាន់តែរីកចម្រើនឡើង ហើយសាសនានេះបានលុបបំបាត់ចោលប្រព័ន្ធវណ្ណៈក្នុងសង្គម ដែលជាហេតុនាំអោយពួកឥណ្ឌា ឈប់ខ្លាចបាត់ភាពបរិសុទ្ធក្នុងឈាម ក្នុងពូជសាសន៍របស់ខ្លួន ហើយធ្វើការទាក់ទងដោយទូលាយជាមួយជនបរទេស។
ក្រោយមក ពួកឈ្មួញឥណ្ឌា ទាំងនោះ បានមកបោះទីតាំងដោយបានបង្កើតជាហាងលក់ទំនិញ ឬសាខាគ្រឹះស្ថានជំនួញរបស់ខ្លួនក្នុងដែនដីសុវណ្ណភូមិ ហើយជាបន្តបន្ទាប់ បានប្រើប្រាស់គ្រឹះស្ថានទាំងនោះជាមជ្ឈមណ្ឌលផ្សព្វផ្សាយនយោបាយ និងសាសនារបស់ខ្លួន ហើយបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើពួករដ្ឋវាសី គឺជាជនជាតិម្ចាស់ស្រុក។ មិនត្រឹមតែប៉ុណ្ណោះទេ ដើម្បីពង្រឹង និងពង្រីកឥទ្ធិពលរបស់ខ្លួន ពួកនេះបានរឹតចំណងចងស្ពានមេត្រី រៀបចំអាពាហ៍ពិពាហ៍ចម្រុះជាមួយពួករដ្ឋវាសីម្ចាស់ស្រុក ដើម្បីបង្កើតចំណងទាក់ទងជាគ្រួសារយ៉ាងជិតស្និទ្ធថែមទៀតផង។
ជាក់ស្តែង
គឺអាពាហ៍ពិពាហ៍បែបនេះហើយដែលបានបង្កើតឡើងនូវសន្តតិវង្សដំបូងបង្អស់របស់ព្រះរាជាណាចក្រកម្ពុជា
យើងនេះ៕